Blogger Templates ពលករខ្មែរ នៅថៃ បញ្ជូនប្រាក់ ២០០លានដុល្លារ រៀងរាល់ឆ្នាំ មកឱ្យក្រុមគ្រួសារ នៅកម្ពុជា ~ Khmer- News For You

Monday, June 16, 2014

ពលករខ្មែរ នៅថៃ បញ្ជូនប្រាក់ ២០០លានដុល្លារ រៀងរាល់ឆ្នាំ មកឱ្យក្រុមគ្រួសារ នៅកម្ពុជា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ ក្រសួងការងារ បានឱ្យដឹងថា ពលករខ្មែរ នៅប្រទេសថៃ ប្រមាណ២០ម៉ឺននាក់ បានបញ្ជូនប្រាក់ ជាង២០០លានដុល្លារ សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ មកឱ្យក្រុមគ្រួសារ របស់ពួកគេ នៅកម្ពុជា មុនពេល ដែលអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកវិញ ។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេង បានឱ្យដឹងនៅក្រោយកិច្ចប្រជុំ មួយ ពាក់ព័ន្ធ នឹងប្រាក់ឈ្នួល នៅក្រសួងការងារ កាលពីព្រឹកថ្ងៃទី១៦ មិថុនាថា “សម្រាប់ពលករ របស់ យើង ស្ថិតិដែល គ្រប់គ្រង ដោយក្រសួងការងារ នៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) យើងមានជាង ២០ ម៉ឺននាក់ (ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់) ហើយការបញ្ជូនប្រាក់ចំណូល របស់បងប្អូនរកបាន ដែលបញ្ជូនមក (កម្ពុជា)នេះ ខ្ញុំគិត ដោយឡែក តែពលករទៅធ្វើការ នៅប្រទេសថៃ ប្រហាក់ប្រហែលនឹង ២០០ លានដុល្លារ (រៀងរាល់ឆ្នាំ)”។
លោកបានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី ពេលនេះកម្ពុជា មិនទាន់អាចនិយាយបានថា មានការខាតបង់ ទឹកប្រាក់ជាង ២០០លានដុល្លារ ពីការបញ្ជូនពលករខ្មែរ ត្រឡប់មកវិញនេះ នៅឡើយទេ ។ លោកថា ៖ “អាហ្នឹង (ការខាតបង់ទឹកប្រាក់) ! យើងមិនទាន់ អាចនិយាយបានទេ បើនិយាយអញ្ចឹង វាឆាប់ពេក” ។
គិតតាំងពីថ្ងៃទី៦ មិថុនាមក មានពលករខ្មែរ រាប់ម៉ឺននាក់ ត្រូវបានទាហានថៃ ចាប់បញ្ជូនមកកម្ពុជាវិញ ដែលនៅក្នុងនោះ មានទាំងពលករខុសច្បាប់ និង ពលករស្របច្បាប់ជាដើម ។ លោក គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ ដែលជាខេត្តដែលអាជ្ញាធរថៃ បញ្ជូនពលករខ្មែរ មកច្រើនជាងគេ បាន ឲ្យដឹងថា បើគិតមកដល់ម៉ោង ១២យប់ ថ្ងៃទី ១៥ ខែមិថុនា ពលករខ្មែរ ដែលថៃបញ្ជូនមកមានចំនួន ជាង១៤ម៉ឺន នាក់ហើយ ។
សម្រាប់ការបញ្ជូន ពលករខ្មែរ មកកម្ពុជានេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ បានយល់ឃើញថា វាជាការខាតបង់ប្រាក់កាស រយៈពេលខ្លី ប៉ុន្តែជា ផលចំណេញ រយៈពេលវែង បើសិនជារាជរដ្ឋាភិបាល ជួយស្វែងរកការងារ ឱ្យពួកគេទាន់ពេល វេលា ។ លោកថា “វាចំណេញផងដែរ បើសិនជារដ្ឋាភិបាលយើង រកការងារធ្វើឱ្យ(ពលករ) បានពេល ហ្នឹង ! ទាន់ពេល ! នោះសេដ្ឋកិច្ចរបស់យើង អាចឡើង” ។
លោករដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងថា ពេលនេះកម្លាំងពលកម្ម នៅកម្ពុជា កំពុងតែខ្វះខាតច្រើន ហើយការត្រឡប់ របស់ពលករខ្មែរ នៅប្រទេសថៃ នឹងជួយពង្រឹងក្នុងវិស័យការងារ នៅក្នុងផ្នែកមួយ ចំនួន តាមជំនាញរបស់ពួកគេ ។
លោកថា “ខ្ញុំមើលទៅ គឺអាចមានគ្រប់ជំនាញ ព្រោះថា (ពលករ) ទៅធ្វើការនៅប្រទេសថៃនេះ មាន ភាគច្រើន នៅផ្នែកសំណង់ បងប្អូនទៅធ្វើការនៅថៃ ច្រើនមានជំនាញខ្ពស់ ផ្នែកសំណង់ ហើយក្រៅពី នេះមាន កសិ-ឧស្សាហកម្ម ហើយនិងខាងឧស្សាហកម្ម” ។
លោកបន្ថែមថា “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយពាក់ព័ន្ធ នឹង ការផ្តល់ឱកាស ការងារ ដល់ពលករខ្មែរ ដែលទើបនឹង ធ្វើមាតុភូមិនិវត្ត មកពីប្រទេសថៃ ព្រោះថា ពេលនេះ ឱកាសការងារ សម្រាប់បងប្អូន ប្រជាពលរដ្ឋយើង នៅក្នុងព្រះរាជាណាចក្រកម្ពុជាពិតជា មានច្រើនណាស់ ខាងផ្នែកឧស្សាហកម្មក៏មាន ខាងផ្នែកសំណង់ ខាងផ្នែកទេសចរណ៍ ខាងផ្នែកកសិ-ឧស្សាហកម្ម ក៏យើងនៅ មានឱកាសច្រើន ដែលអាចស្រូប ទាញយកពលករ(ខ្មែរមកពីថៃ) ទាំងអស់ មកបាន” ៕

0 comments:

Post a Comment