Blogger Templates ផ្សារទំនើប វៀតណាមបិទ ទាំងដំណើរការ មិនដល់១ឆ្នាំ ~ Khmer- News For You

Monday, November 18, 2013

ផ្សារទំនើប វៀតណាមបិទ ទាំងដំណើរការ មិនដល់១ឆ្នាំ

ភ្នំពេញ៖ ផ្សារទំនើបវៀតណាម ដែលមានទីតាំងនៅទីក្រុងភ្នំពេញ តាមបណ្ដោយផ្លូវព្រះមុនីវង្ស បានបិទដំណើរការ បន្ទាប់ពីមានវត្តមាន នៅ ប្រទេសកម្ពុជាមិនដល់មួយឆ្នាំផងនោះ។ ការបិទនេះត្រូវបាន គេសង្ស័យថា មូលហេតុមកពីក្ស័យធន ខណៈម្ចាស់ផ្សារមិនបានបញ្ជាក់នោះទេ។
មជ្ឈដ្ឋានមហាជនជាច្រើន បាននិយាយថា ការបិទនេះ ក៏ព្រោះតែការដិតដាម ក្នុងសតិអារម្មណ៍ថា ផលិតផលរបស់វៀតណាម ជាផលិតផលមិន ល្អ ឆាប់ខូច ឬហៅម្យ៉ាងទៀតថា ជារបស់ «យ៉ា» និងខ្លះទៀត បានអះអាងថា ការលក់មិនដាច់នេះ ដោយសារបញ្ហាជាតិនិយម ទើបធ្វើពហិការ មិនប្រើប្រាស់ផលិតផលវៀតណាម។
ការបិទផ្សារទំនើបវៀតណាមនេះ បានធ្វើមានការចាប់អារម្មណ៍ផងដែរ ដល់អ្នកជំនួញក្នុងស្រុក ក៏ព្រោះតែវាបង្ហាញយ៉ាងច្បាស់ថា ផលិតផល ទាំងនោះ មិនអាចប្រកួតប្រជែង ជាមួយប្រទេសដទៃទៀតបាន ទើបបិទទ្វារ ទាំងដំណើរការមិនបានមួយឆ្នាំបែបនេះ។
ពាក់ព័ន្ធនឹងការបិទផ្សារទំនើបវៀតណាមនេះ មជ្ឈមណ្ឌលដើមអម្ពិល បានទំនាក់ទំនងសុំការបញ្ជាក់ពីលោក ម៉ែង ដែលគេស្គាល់ថា ជាម្ចាស់ផ្សារ ទំនើបវៀតណាម ដើម្បីសុំការបញ្ជាក់ តែត្រូវលោកបដិសេធ មិនអត្ថាធិប្បាយនោះទេ។
បើក្រឡេកមកមើល ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្មកម្ពុជាវិញ បានឲ្យដឹងថា នៅឆ្នាំ២០១៣នេះ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-វៀតណាម អាចនឹងកើនដល់ ៣.៥០០ដុល្លារអាមេរិក ។ ក្នុងនោះកម្ពុជា នាំចូលវៀតណាម ត្រឹមតែប្រមាណ ៥០០ លានដុល្លារប៉ុណ្ណោះ ខណៈវៀតណាមនាំចូលកម្ពុជាវិញ មានដល់ទៅ ៣០០០ពាន់លានដុល្លារ ។ ជាងនេះរយៈពេល ៩ខែដើមឆ្នាំនេះ តួលេខ ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់ប្រហែល ២.៦៩៨លានដុល្លារ សហរដ្ឋអាម៉េរិក ក្នុងនោះទំនិញនាំចូលពីប្រទេសវៀតណាម មកប្រទេសកម្ពុជា មានចំនួនទឹកប្រាក់ប្រហែល ២.២៩៤លានដុល្លារសហរដ្ឋអាម៉េរិក ហើយទំនិញនាំចេញពី ប្រទេសកម្ពុជា ទៅកាន់ប្រទេស វៀតណាម មានចំនួនទឹកប្រាក់ ៤០៣លានដុល្លារ សហរដ្ឋអាម៉េរិក។
តួលេខនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា ហាក់មិនមែនដោយសារជាតិនិយមទេ ព្រោះទំហំពាណិជ្ជកម្មនៅដដែលបែបនេះ។ អ្នករកស៊ីខ្លះទៀត យល់ឃើញថា ការបិទផ្សារនេះ ដោយម្ចាស់ផ្សារខាងលើ ដាក់ឈ្មោះផ្សារអត់ហុងស៊ុយ។ ដាក់ថា «ផ្សារទំនើបវៀតណាម» គឺអត់ហុងស៊ុយតែម្តង ពោលគឺបញ្ជាក់ថា លក់ទំនិញរបស់វៀតណាម ដែលផ្នត់គំនិតរបស់ខ្មែរថា ជាផលិតផលអន់លេខ១ ហើយថា ត្រូវហុងស៊ុយតែសម្រាប់ភ្ញៀវ វៀតណាមខ្លួនឯងប៉ុណ្ណោះ។
អ្នករកស៊ីខាងលើ បានឧទាហណ៍ថា ផ្សារទំនើបដែលបើកយ៉ាងច្រើន ដំណាលគ្នានឹងផ្សារទំនើបវៀតណាមនេះ ហើយគេដំណើរការយ៉ាងល្អ រីកចម្រើន ទាស់ខុសអីតែផ្សារទំនើបវៀតណាម បិទជាស្ថាពរបែបនេះ។ នេះមិនមកពីខុសហុងស៊ុយឈ្មោះទេឬ តែយ៉ាងការគិតខាងលើនេះ គ្រាន់តែជាការវិភាគក្រៅផ្លូវការប៉ុណ្ណោះ ទាល់តែម្ចាស់ ទើបអាចបញ្ជាក់ច្បាស់លាស់បាន៕

0 comments:

Post a Comment