ប៉ោយប៉ែតៈ មន្ត្រីបានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរកំពុងធ្វើការស្ដារប្រព័ន្ធបណ្ដាញលូបង្ហូរទឹកពីលំនៅឋាន ប្រជាពលរដ្ឋប្រមាណជិត ៥០ ខ្នងផ្ទះ នៅផ្នែកខ្លះនៃទីក្រុង ប៉ោយប៉ែត ជាប់ព្រំដែនថៃ ដែលអាចជន់លិចពីជំនន់ទឹកភ្លៀងដែលបង្កឡើងដោយប្រព័ន្ធសម្ពាធទាប។
លោក គង់ សុខ ចៅសង្កាត់ ប៉ោយប៉ែត ប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា បន្ទាប់ពីមានភ្លៀងយ៉ាងគំហុកជាប់ៗគ្នាបីថ្ងៃមកនេះ បានធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋប្រមាណជិត ៥០ ខ្នង នៅក្នុងតំបន់ខ្លះនៃទីក្រុង ពាណិជ្ជកម្ម ប៉ោយប៉ែត ដូចជា តំបន់ភូមិ បាលិលេយ្យ សាមគ្គីមានជ័យ និងតំបន់ព្រៃព្រិច មានការជន់លិចជាបន្តបន្ទាប់។
លោកថ្លែងថា៖«បច្ចុប្បន្ន យើងបានប្រើអេស្កាវាទ័រចំនួន ៤ គ្រឿង កាយប្រឡាយបង្ហូរទឹកដើម្បីរំដោះទឹកចេញពីតំបន់ដែលលិចលង់ទាំង នេះ»។ លោកអះអាងថា៖«ប្រសិនបើក្នុងអំឡុងពេលពីរ-បីថ្ងៃខាងមុខនេះ មិនមានភ្លៀងធ្លាក់ទេ តំបន់លិចលង់ទាំងនេះ នឹងវិលទៅរកស្ថានភាពដូចដើមវិញ»។
ប៉ុន្តែបើយោងតាមសេចក្ដីជូនដំណឹងមួយរបស់ក្រសួងធនធានទឹកនិង ឧតុនិយម ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានព្យាករថា ក្នុងរយៈពេលពីរ-បីថ្ងៃខាងមុខនេះកម្ពុជានឹងមានភ្លៀងធ្លាក់ ខ្លាំងជោកជាំពេញផ្ទៃប្រទេស។
នៅក្នុងសេចក្ដីជូនដំណឹងនោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបនិង វិសម្ពាធទាប ដែលកំពុងគ្របដណ្ដប់លើតំបន់អាងទន្លេមេគង្គលើ ក្នុងប្រទេសថៃ និងឡាវ ដែលនឹងអាចជះឥទ្ធិពលដល់កម្ពុជាផងដែរ។
លោក បញ្ជាក់ថា ចាប់ពីថ្ងៃទី៣ដល់ ថ្ងៃទី៥ សីហា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបនេះ អាចនឹងបង្កឲ្យមានព្យុះនិងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស កម្ពុជាដែលនឹងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង នៅផ្នែកខ្លះនៃតំបន់វាលទំនាប និងតំបន់តាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់។
តាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ភូមិ សាមគ្គីមានជ័យថា ជំនន់ទឹកភ្លៀងបានជន់លិចចូលលំនៅឋានរបស់ពួកគាត់ដល់ត្រឹមកំភួន ជើងហើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងបីថ្ងៃជាប់ៗគ្នាកន្លង មក។
លោក អ៊ូ ម៉ៅ អាយុ ៤៨ ឆ្នាំ រស់នៅភូមិ សាមគ្គីមានជ័យ បានប្រាប់ថា ភូមិគាត់គ្មានប្រព័ន្ធលូបង្ហូរទឹកនៅឡើយដូច្នេះឲ្យតែមានភ្លៀង ធ្លាក់ខ្លាំងម្ដងៗគឺមានការលិចលង់ជាប្រចាំ។
លោកថ្លែងថា៖«ឥឡូវនេះក្នុងផ្ទះខ្ញុំទឹកលិចចូលត្រឹមកជើង។ គ្រួសារខ្ញុំកំពុងរៀបចំធ្វើធ្នើរកល់អីវ៉ាន់ ដើម្បីការពារការជន់លិចលង់ដូចកាលពីឆ្នាំមុន»។
កាលពីពាក់កណ្ដាលខែកញ្ញាឆ្នាំមុន ទឹកភ្លៀងនិងទឹកដែលបាក់ធ្លាយទំនប់ពីខាងប្រទេសថៃ ក្នុងតំបន់ជាប់ព្រំដែនកម្ពុជា បានធ្វើឲ្យទីក្រុង ប៉ោយប៉ែត និង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ព្រមទាំងខេត្តមួយចំនួន រួមមាន ខេត្ត បាត់ដំបង ប៉ៃលិន សៀមរាប និង កំពង់ធំ ជន់លិចអស់រយៈពេលជាងមួយខែ បណ្ដាលឲ្យសាលារៀនមួយចំនួនបិទទ្វារ ផ្អាកការសិក្សារបស់សិស្សមួយរយៈ។
ទោះយ៉ាងណា លោក គង់ សុខ និយាយថា ការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងសង្កាត់ ប៉ោយប៉ែត របស់លោកនៅពេលនេះ មិនមែនបណ្ដាលមកពីការបាក់ទំនប់ទឹកក្នុងប្រទេសថៃហូរចាក់មកទេ គឺគ្រាន់តែជាជំនន់ទឹកភ្លៀងតែប៉ុណ្ណោះ៕







0 comments:
Post a Comment