Blogger Templates ធ្វើឱ្យ​ភ្នែក​ស្រស់ស្អាត​មាន​មន្ដ​ស្នេហ៍ តាមរយៈ​ការចាក់​ថ្នាំ ប្រើ​វីតាមីន C និង​ការបណ្ដុះ​រោម​ភ្នែក ~ Khmer- News For You

Thursday, August 1, 2013

ធ្វើឱ្យ​ភ្នែក​ស្រស់ស្អាត​មាន​មន្ដ​ស្នេហ៍ តាមរយៈ​ការចាក់​ថ្នាំ ប្រើ​វីតាមីន C និង​ការបណ្ដុះ​រោម​ភ្នែក

ភ្នែក​ជា​ចក្ខុ​វិញ្ញាណ ជា​ដួង​កែវ​នៃ​ជីវិត សំរាប់​បង្ហាញផ្លូវ​របស់​យើង ប៉ុន្ដែ​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​ភ្នែក​យើង​ស្រស់ស្អាត និង​ទាក់ទាញ​ជាង​ភ្នែក​របស់​អ្នកដទៃ​? ​ភ្នែក​ស្រស់ស្អាត គឺជា​ភ្នែក​ធំៗ មាន​រោមភ្នែក​វែងៗ និង​ជុំវិញ​បរិវេណ​ភ្នែកមាន​លក្ខណៈ​ស្រទន់ មិន​មាន​ស្នាម​ជ្រីវជ្រួញ​។ សម្រាប់​យើង​ដែល​មាន​ភ្នែក​ស្រស់ស្អាត ហើយ​ពេល​វេលា​ក៏​ធ្វើឱ្យ​ភ្នែក​យើង​ផ្លាស់ប្ដូរ​ផង​ដែរ​។ ដូច្នេះ​តើ​ត្រូវ​ថែរក្សា​ភ្នែក​របស់​យើង​ឱ្យ​នៅតែ​មាន​មន្ដ​ស្នេហ៍ និង​ទាក់ទាញ​ដោយ​របៀប​ណា​? ស្បែក​នៅ​ជុំវិញ​រង្វង់​ភ្នែក គឺ​មាន​លក្ខណៈ​ស្ដើង​ហើយ​ខ្ចី ដូច្នេះ​ត្រង់​បរិវេណ​នេះ ជា​សញ្ញា​ដំបូង​បង្អស់ បង្ហាញ​ឱ្យ​ដឹង​ពី​វ័យ​ចំណាស់​របស់​អ្នក​។ មនុស្ស​យើង​ទទួលរង​ភាព​ចាស់ នៅលើ​រង្វង់​ភ្នែកមាន ២ ទំរង់​ធំៗ គឺ​តាមរយៈ​ស្នាម​ខ្មៅ ឬ​ស្នាម​ជ្រីវជ្រួញ​។ ការ​ញញឹមញញែម ការចង​ចិញ្ចើម ការ​ធ្មេចភ្នែក  និង​ការ​ទំពារ ជា​ចលនា​មូលដ្ឋាន​លើ​ផ្ទៃមុខ ដែល​បន្ដិច​ម្ដងៗ  អាច​នាំ​ទៅរក​ភាពសាមញ្ញ​បំផុត​នៃ​សញ្ញា​បង្ហាញ តាមរយៈ​អាការៈ​ស្នាម​ជ្រីវជ្រួញ​ថា អ្នក​មាន​វ័យចាស់​។ ស្នាម​ជ្រីវជ្រួញ អាច​មាន​មក​ជាមួយ​ការ​ហើមប៉ោង និង​ធ្លាក់​ថ្នក់​ខាងក្រោម​ភ្នែក​។ អាការៈ​ទាំងនេះ អាច​ឱ្យ​គេ​មើល​ទៅ​អ្នក​ហាក់បីដូចជា​ហត់​នឿយ ឬ​ដូចជា​មុខ​កំពុង​ខឹង បើ​ទុក​ណា​ជា​អ្នក​មិន​មាន​អារម្មណ៍​បែបនេះ​ក៏ដោយ​។ នៅពេល​យើង​វិវដ្ដ​ទៅរក​វ័យចាស់ ស្បែក​នៅ​ជុំវិញ​ប្រឡង់​ភ្នែក​មាន​សភាព​ជ្រីវជ្រួញ ដែល​ហៅថា ភាព​ជ្រួញ​ត្រង់​កន្ទុយភ្នែក​។​ វិធី​បង្ការ ៖ ​យើង​អាច​បង្ការ​ស្នាម​ជ្រីវជ្រួញ ដោយ​កាត់បន្ថយ​កុំ​ឱ្យ​ត្រូវ​កំដៅ​ព្រះអាទិត្យ និង​ចៀសវាង​ការជក់បារី ឬ​ញ៉ាំ​ជាតិ​ស្រវឹង​ច្រើនពេក​។ នៅពេល​អ្នកខ្លះ កើត​មាន​អាការ​ជ្រីវជ្រួញ ឬ​ស្នាម​ជាំខ្មៅ ក៏​អាច​បណ្ដាលមកពី​កត្ដា​បរិស្ថាន​ផ្សេងៗ ផងដែរ​។ ចូរ​ញ៉ាំ​អាហា​រណា​ដែល​នាំមក​នូវ​សុខភាព​ល្អ និង​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន ដើម្បី​ជួយ​ធ្វើឱ្យ​ស្បែក​ស្រស់ថ្លា និង​កុំឱ្យ​ខ្សោះ​ជាតិ​ទឹក​។​ ការព្យាបាល ៖ តំណាក់កាល​ទី ១ ការចាក់ បូថ​កស៍​-BotoxR : ទម្រង់​គ្រឿងសម្អាង ដែល​មាន​សារធាតុ Botulinum Toxin (​ជា​ប្រូតេអ៊ីន​ដែល​ផលិត​ដោយ​អតិសុខុមប្រាណ​) ដែល​គេ​ស្គាល់​ថា បូថ​កស៍ (BotoxR)   គឺជា​ថ្នាំ​ចាក់​ដ៏​ពេញនិយម ដោយ​មិន​ចាំបាច់​ធ្វើការ​វះកាត់ ដែល​អាច​កាត់បន្ថយ ឬ​បំបាត់​ជា​បណ្ដោះអាសន្ន​នូវ​ស្នាម​ជ្រួញ ដោយ​ការចង​ចិញ្ចើម​នៅលើ​ថ្ងាស កន្ទុយភ្នែក និង​នៅ​ត្រង់​.​ក​។ ដូច្នេះ​ឱសថ​នេះ អាច​ជួយ​ធ្វើឱ្យ​ស្បែក​ម៉ដ្ឋ​រលោង​ស្អាត និង​ស្រស់ថ្លា​ឡើងវិញ​។ សារធាតុ Toxin នេះ​ទៅ​ទប់​ឃាំង​សន្ទុះ​សរសៃប្រសាទ បង្អាក់​សាច់ដុំ​ដែល​បង្ករ​ឱ្យ​ជ្រីវជ្រួញ​បណ្ដោះអាសន្ន ព្រមទាំង​ធ្វើឱ្យ​ស្បែក​ម៉ត់​រលោង និង​មាន​សម្រស់​ស្រស់​ស្រាយ​។​ ​សារធាតុ​នេះ​អាច​លាយ ផ្សំ​ជាមួយនឹង​វិធីសាស្ដ្រ​ថែរក្សា​ស្បែក ដោយ​គ្រឿងសម្អាង​ដទៃ​ទៀត​ដូចជា​.. ការ​បកស្បែក ការចាក់​បំពេញ​សាច់ (​ឌឺ​មា ហ្វីលល័​រ​) –Dermal Filler ឬ​ម៉ាស្សា​មុខ​យក​កោសិកា​ចាស់​ចេញ ដោយ​ម៉ាស៊ីន Microdermabrasion ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ វិធីសាស្ដ្រ​ព្យាបាល​ដោយ​ការបញ្ចូល​គ្នា​របៀប​នេះ កាន់តែ​អាចជួយ​ការពារ​មិន​ឱ្យ​កើត​ស្នាម​ជ្រីវជ្រួញ​ថ្មីៗ​ទៀត នៅ​ពី​លើ​ស្បែក​។​ តំណាក់កាល​ទី ២ ការចាក់​បំពេញ​សាច់​(​ឌឺ​មា ហ្វីលល័​រ​) –Dermal Filler : ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ផ្ទៃមុខ សារធាតុ Hyaluronic អាច​ជា​ជម្រើស​ដ៏​ប្រសើរ ដូច​ការ​ចាក់​បំពេញ​សាច់ (​ឌឺ​មា ហ្វីលល័​រ​) ដែរ ដោយសារតែ​ប្រសិទ្ធិភាព​សមប្រកប ជា​មួយ​រូប​កាយ​មនុស្ស​។​ Hyaluronic Acid គឺជា​សារធាតុ​ធម្មជាតិ​រកឃើញ នៅ​ក្នុង​សរី​រាងកាយ​មនុស្ស​។ ការប្រមូលផ្ដុំ​សារធាតុ​នេះ​ច្រើន ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ក្នុង​ជាលិកា ដែល​មាន​ទំនាក់ទំនង​គ្នា និង​នៅក្នុង​វត្ថុ​រាវ​ជុំវិញ​ភ្នែក​របស់​អ្នក​។  ឥឡូវ​សារធាតុ​នេះ បាន​ក្លាយទៅជា​ប្រភេទ​ចាក់​បំពេញ​សាច់ (​ហ្វីលល័​រ​) Filler ដ៏​ពេញនិយម​បំផុត ដែល​អាច​ចាក់ (injection) បាន​។ ស្លាក​សញ្ញា​ទីផ្សារ​ឱសថ​កែ​សម្ផស្ស​នេះ មានដូចជា​ឈ្មោះ Captique, Esthélis, Elevess, Hylaform, Juvéderm, Perlane, Prevelle, Puragen និង Restylane​។ នៅពេលជែល (gel) នេះ​ត្រូវ​ចាក់​បញ្ចូល​ទៅក្នុង​សាច់ វា​មាន​តួនាទី​ជួយ​បំពេញ​ជាលិកា​ផ្ទៃមុខ ដែល​ចាស់​ទ្រុឌទ្រោម និង​បាត់បង់ ដោយសារ​វ័យចាស់​តាម​ធម្មជាតិ ឱ្យ​វិល​មក​រក​ប្រក្រតីភាព​ដូចដើម​វិញ​។ ជាងនេះទៅទៀត វា​ក៏​នាំមក​នូវ​ជាតិ​ទឹក ដើម្បី​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​ធ្វើឱ្យ​ស្បែក​ទន់​រលោង​ស្រស់ថ្លា​។​ វីតាមីន C ៖ ​វីតាមីន C មាន​ប្រសិទ្ធិភាព​ជួយ​កម្ចាត់​ស្នាម​ខ្មៅ​ជាំ នៅក្រោម​រង្វង់​ភ្នែក​។ វីតាមីន C ជួយ​បង្កើន​ខូ​ឡា​ជេន Collagen បំបាត់​រ៉ាឌីកាល់​សេរី ដែល​កើត​នៅលើ​ស្បែក និង​ការពារ​ស្បែក​ប្រឆាំងនឹង​ការបំផ្លាញ ដោយសារ​កម្ដៅ​ព្រះអាទិត្យ​។ រាល់​សារជាតិ​ទាំងនេះ សុទ្ធ​តែ​អាច​ជួយ​កាត់បន្ថយ​ស្នាម​ខ្មៅ នៅត្រង់​រង្វង់​ភ្នែក​បាន​។ ទោះជា​យ៉ាងនេះ​ក្ដី ជា​ការសំខាន់ គឺ​ត្រូវ​កត់​សម្គាល់​ឱ្យឃើញថា វីតាមីន C មិនសូវ​ស្ថិតស្ថេរ​ប៉ុន្មាន​ទេ​។ មានន័យ​ថា នៅ​ពេល​ប៉ះ​ពាល់ត្រូវ​ខ្យល់ វា​នឹង​ធ្វើ​ប្រតិកម្ម​រំហួត​ទៅ​តាម​ខ្យល់ ហើយ​មិន​មាន​ប្រសិទ្ធភាព និង​បង្កើតឱ្យមាន​ស្នាម​ជ្រីវជ្រួញ ជាជាង​កម្ចាត់​ចោល​ស្បែក​ខូច​។ ដូចនេះ ឧបករណ៍​វេជ្ជសាស្ដ្រ​ដូចជា​ម៉ាស៊ីន Iontophoresis ត្រូវបាន​បង្កើតឡើង ដើម្បី​ប្រើប្រាស់ Microcirculation ប្រយោជន៍​ដើម្បី​ចាក់​បញ្ចូល​វីតាមីន C ទៅក្នុង​កោសិកា​។​ ​ការបណ្ដុះ​រោមភ្នែក : ផលិតផល Latisse (bimatoprost ophthalmic solution) គឺជា prostaglandin analog (​ជា​សមាជិក​នៃ​លីពីត ដែល​កើត​មក​ពី​អាស៊ីដ​ខ្លាញ់​) ដើម្បី​ធ្វើឱ្យ​រោមភ្នែក​កាន់តែ​វែង​ក្រាស់ និង​ខ្មៅ​ជាង​មុន ដោយ​ពន្លូត​ប្រវែង កម្រាស់ និង​ពណ៌​ខ្មៅ​។ លាប​វា​នៅលើ​ស្បែក​ត្រង់​ត្របកភ្នែក​ខាងលើ​ជ្រៅ​បន្ដិច រៀងរាល់​យប់​រយៈពេល ៨ សប្តាហ៍ អ្នកនឹង​ទទួលលទ្ធផល ជាក់​ជា​មិនខានឡើយ​។​ ភ្នែកមាន​មន្ដ​ស្នេហ៍ មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ សម្រាប់​ធ្វើ​ឱ្យ​សម្រស់​រូបរាងកាយ​របស់អ្នក ស្រស់​ស្អាត​ឥត​ទាស់​ត្រង់ណា​នោះ​។ ដូច្នេះ​ត្រូវ​រក​វិធីសាស្ដ្រ​កែកុន​សោភ័ណភាព​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ខ្លួន​អ្នក​នៅ​តែ​ក្មេង​ជា​និច្ច​៕ ដោយ៖ ស្រីពេជ្រ (o_O)

0 comments:

Post a Comment