រាជធានីភ្នំពេញ៖ កាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣នេះ សិស្សានុសិស្សនៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ និងខេត្តកែប ចំនួន៣៦នាក់ ក្នុងនោះមានស្រី៦នាក់ ដែលដឹកនាំដោយលោក អ៊ុយ សំបូរ និងលោក ពៅ តុលា ប្រធានផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន បានចូលទស្សនកិច្ចសិក្សានៅស្ថានីយទូរទស្សន៍អប្សរា ក្នុងគោលបំណងស្វែងយល់អំពីការផលិតកម្មវិធី និងសិក្សារៀនសូត្រអំពីឧបករណ៍ និងកម្មវិធីផ្សេងៗទៀតនៅក្នុងស្ថានីយទូរទស្សន៍។
ក្នុងដំណាក់កាលដំបូង សិស្សានុសិស្សនៅសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ និងខេត្តកែបបានចូលទស្សនកិច្ចនៅក្នុងបន្ទប់ Studio ផ្សាយផ្ទាល់នៅជាន់ទី១ បន្ទាប់មក ទៅបន្ទប់ផ្សេងៗទៀត ទាំងផ្នែកទូរទស្សន៍ វិទ្យុ និងបន្ទប់ការិយាល័យរបស់ក្រុមការងារបណ្តាញព័ត៌មានអប្សរាANNផងដែរ។
ក្នុងដំណើរការទស្សនកិច្ចរបស់សិស្សានុសិស្សនៅសាលាបច្ចេកទេស ដុន បូស្កូ នេះ មានរយៈពេលមួយថ្ងៃ និង៣ទីតាំង ដែលមានទីតាំងដូចជា ស្ថានីយទូរទស្សន៍អប្សរា, កាសែតកោះសន្តិភាព និងផលិតកម្មមហាហង្សភាពយន្ត។
សូមបញ្ជាក់ថា សាលាបច្ចេកទេស ដុន បូស្កូ ជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន យុវនារីខ្មែរក្រីក្រ ឲ្យចេះនូវជំនាញមួយជាក់លាក់ ដើម្បីយកទៅប្រើប្រាស់ក្នុងការងារប្រកបរបរចិញ្ចឹមជីវិត៕ អត្ថបទ៖ វិឆ័យ សុភី, រូបភាព៖ ជា ចំរើន
0 comments:
Post a Comment