Blogger Templates រមណីយដ្ឋាន បេតិកភណ្ឌ ចំនួនបួន ត្រូវបានចុះបញ្ជី ជាសម្បត្តិ បេតិកភណ្ឌ ពិភពលោក នៅរសៀលថ្ងៃនេះ ~ Khmer- News For You

Friday, June 21, 2013

រមណីយដ្ឋាន បេតិកភណ្ឌ ចំនួនបួន ត្រូវបានចុះបញ្ជី ជាសម្បត្តិ បេតិកភណ្ឌ ពិភពលោក នៅរសៀលថ្ងៃនេះ

ភ្នំពេញ៖ រមណីយដ្ឋាន បេតិកភណ្ឌធម្មជាតិ ចំនួនបួន របស់ប្រទេសបួនផ្សេងៗគ្នា ក្នុងនោះមាន ប្រទេសតាហ្ស៊ីគីស្ថាន, អ៊ីតាលី, ម៉ិកស៊ីកូ និងឥណ្ឌា ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣នេះ ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
រមណីយដ្ឋាន បេតិកភណ្ឌធម្មជាតិទាំងបួនកន្លែង ត្រូវបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោក ក្រោយពេលដែល លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ប្រធានគណៈកម្មាធិការ បេតិភណ្ឌពិភពលោក បានគោះញញួររួច ក្នុងកិច្ចប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិភណ្ឌ ពិភពលោក នៅរសៀលថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៣នេះ នាវិមានសន្តិភាព។
ក្រោយពីគោះញញួរ ដើម្បីដាក់រមណីយដ្ឋានធម្មជាតិ ទាំងបួនកន្លែងនោះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួចមកហើយនោះ ប្រធានអង្គប្រជុំ ដែល ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ប្រធានគណៈកម្មាធិការ បេតិភណ្ឌពិភពលោក បានផ្តល់ពេលពេលវេលា ឲ្យគណៈប្រតិភូ ដែល បានចូលរួម ក្នុងការការពារនូវ រមណីយដ្ឋានធម្មជាតិទាំងបួន របស់ប្រទេសរៀងៗខ្លួននោះ ចំនួនពីរនាទី ដើម្បីធ្វើសុន្ទរកថា។
គួរបញ្ជាក់ថា រមណីយដ្ឋាន បេតិកភណ្ឌធម្មជាតិទាំងបួនកន្លែង ដែលបានចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោកនោះ រួមមាន៖ ទី១.រមណីយដ្ឋានធម្មជាតិ Tajik National Park (Mountains of the Pamirs) របស់ប្រទេសតាហ្ស៊ីគីស្ថាន។ទី២.រមណីយដ្ឋានធម្មជាតិ Mount Etna របស់ប្រទេសអ៊ីតាលី។ ទី៣.រមណីយដ្ឋានធម្មជាតិ El Pinacate and Gran Desierto de Altar Biosphere Reserve របស់ប្រទេសម៉ិកស៊ីកូ និងទី៤ រមណីយដ្ឋានធម្មជាតិ Great Himalayan National Park របស់ប្រទេសឥណ្ឌា។ ចំណែកពេលព្រឹក មានចំនួន៣ រួមមាន៖ ទី១.រមណីយដ្ឋាន ធម្មជាតិ សមុទ្រខ្សាច់ Namib Sand Sea របស់ប្រទេសណាមីប៊ី។ ទី២.រមណីយដ្ឋានធម្មជាតិ Mount Kenya-Lewa Wildlife Conservancy របស់ ប្រទេស កេនយ៉ា និង ទី៣.រមណីយដ្ឋានធម្មជាតិ ភ្នំ Xinjiang Tianshan របស់ប្រទេសចិន ដែលសរុបទាំងអស់ ពេញមួយថ្ងៃទី២១ មិថុនា ឆ្នាំ២០១៣នេះ កិច្ច ប្រជុំពេញអង្គ លើកទី៣៧ នៃគណៈកម្មាធិការ បេតិភណ្ឌពិភពលោក បានអនុម័តចំនួន ៧៕

0 comments:

Post a Comment